អ្នកគាំទ្រ Man City ក្តៅចិត្តឆេវ ពេលឃើញកម្មករធ្វើការនៅកីឡដ្ឋាន Ethihad ពាក់អាវក្លិបគូសត្រូវរបស់ខ្លួន

17-Sep-2025 11:15 PM

ក្លិបបាល់ទាត់ Manchester City តម្រូវអោយមានចំណាត់ការបន្ទាន់ បន្ទាប់ពីអ្នកគាំទ្រជាច្រើនផ្ទុះការមិនពេញចិត្តចំពោះបុគ្គលិកមួយរូបនៅក្នុងកីឡដ្ឋាន Etihad Stadium ដែលហ៊ានធ្វើរឿងសឹងមិនគួរអោយជឿមួយនេះ។




នៅថ្ងៃការប្រកួតរវាង Manchester City ទល់នឹងសត្រូវរួមទីក្រុង ពោលគឺ Manchester United អ្នកគាំទ្រមួយរូបបានចែកចាយវីដេអូមួយនៅលើបណ្តាញសង្គម រហូតមានការចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងវីដេអូនោះ គេឃើញបុគ្គលិកលក់ស្រាបៀរនៅក្នុងកីឡដ្ឋាន Etihad បានពាក់អាវរបស់ក្រុម Man United អំឡុងម៉ោងការងារ។




ដោយសារតែមានការហួសចិត្ត នឹងខឹងសម្បាខ្លាំងពេក វីដេអូនោះទទួលបានការចែករំលែកជាខ្លាំង រហូតធ្វើអោយ Man City ចេញមកធ្វើការបកស្រាយយ៉ាងខ្លីមួយ។ នៅក្នុងគណនីបណ្តាញសង្គមរបស់ក្រុម Man City ពួកគេបានបញ្ជាក់ថា បុគ្គលិកដែលថតបាននៅក្នុងវីដេអូនោះ ត្រូវបានដកតំណែងបាត់ទៅហើយ ដោយមិនអាចនឹងបន្តការងារជាមួយក្លិបបានទៀតនោះឡើយ៕